តើមានមូលហេតុអ្វីខ្លះដែលអាចធ្វើឱ្យមនុស្សមួយចំនួនអាចទទួលបានជោគជ័យជាង មនុស្សមួយចំនួនទៀត? មែនទែនទៅមនុស្សគ្រប់ៗគ្នាគ្មានសមត្ថភាពណាអាចកំណត់អនាគតបានឡើយ តែមនុស្សគ្រប់ៗគ្នាអាចកំណត់បាននូវទម្លាប់របស់ពួកគេ ហើយទម្លាប់របស់ពួកគេជាអ្នកកំណត់អនាគតរបស់ពួកគេ។ គ្មាននរណាម្នាក់អាចជោគជ័យដោយប្រើពេលវេលាត្រឹមរយះពេលមួយយប់នោះទេ ហើយគ្មាននរណាម្នាក់អាចកំណត់ថាបរាជ័យត្រឹមពេលតែមួយយប់ដូចគ្នា។

ជោគជ័យគឺជាគ្មានអ្វីក្រៅតែពីការខិតខំប្រឹងប្រែងធ្វើរឿងបន្តិចម្តងៗនោះទេ ហើយវាបូករួមជាមួយសកម្មភាពតូចៗយ៉ាងច្រើនផ្សេងទៀត​ ហើយសកម្មភាពទាំងអស់នោះ តម្រូវឱ្យអ្នកធ្វើវាជាប្រចាំជារៀងរាល់ថ្ងៃ។ ដូចនេះហើយទម្លាប់មានទំនួលខុសត្រូវខ្ពស់គឺសំខាន់បំផុតក្នុងវិថីជោគជ័យ។

មិនថាអ្នកចង់ជោគជ័យក្នុងវិស័យណាក៏ដោយ អ្នកត្រូវតែមានទម្លាប់មួយសំខាន់បំផុតនោះគឺ ទំនួលខុសត្រូវខ្ពស់។ ទំនួលខុសត្រូវខ្ពស់ មានន័យថាអ្នកត្រូវហ៊ានប្រឈមមុខនឹងបញ្ហា ពេលវេលាលំបាកផ្សេងៗ។ ឧទាហរណ៍ថា អ្នកចង់បើកអាជីវកម្មមួយ នៅពេលដែលអាជីវកម្មរបស់អ្នកមិនទទួលបានលទ្ធផលល្អតាមការរំពឹងទុក តើអ្នកនឹងត្រូវធ្វើយ៉ាងណា? អ្នកត្រូវតែបន្ទោសរឿងគ្រប់យ៉ាង? តើរឿងគ្រប់យ៉ាងទាំងអស់នោះមានអ្វីខ្លះ? អ្នកមិនអាចទទួលបានប្រាក់ចំណូលគ្រប់គ្រាន់? ដោយសារតែអ្នកមានបំណុលដែលដោះស្រាយមិនចេញ? ដោយសារអតិថិជនរបស់អ្នកចង់បានតែរបស់ថោក? ហើយស្របពេលដែលពន្ធមានតម្លៃថ្លៃ? ហេតុអ្វីបានជាសេដ្ឋកិច្ចមិនល្អ?

ប្រសិនបើអ្នកកំពុងជួបបញ្ហាទាំងអស់នេះ តើអ្នកត្រូវតែចំណាយពេលរបស់អ្នកគ្រាន់តែប្រើម្រាមដៃចង្អុលរបស់អ្នក ចង្អុលទៅលើតែរឿងដែលជាបញ្ហាតែមួយមុខទេ? អ្នកសាកគិតទៅមើលខណះពេលអ្នកជួបបញ្ហា អ្នកចំណាយពេលរបស់អ្នកទាំងអស់ គ្រាន់តែបន្ទោសថាមកពីស្ថានភាពបែបនេះមួយ បែបនេះពីរ ទើបធ្វើឱ្យអ្នកមិនទទួលបានជោគជ័យ តើវាអាចជួយអាជីវកម្មរបស់អ្នកបានដោយរបៀបណា?

បើអ្នកមិនមានទម្លាប់ទទួលខុស និងទទួលត្រូវ អ្នកមិនអាចមានលទ្ធិភាពទទួលបានជោគជ័យជាដាច់ខាត។ បើអ្នកជួបបញ្ហាដូចខាងដើម អ្នកសាកគិតទៅមើល វាមិនប្រាដកថាអាជីវកម្មរបស់អ្នកបរាជ័យទាំងស្រុងដោយសារតែបញ្ហាទាំងអស់នោះឡើយ។ ហេតុអ្វីបានជាបញ្ហាទាំងអស់នោះមិនមែនជាបញ្ហាចំបងដែលធ្វើឱ្យអាជីវកម្មរបស់បរាជ័យ ដោយសារតែអាជីវកម្មរបស់អ្នក គឺអ្នកជាអ្នករើស​ អ្នកជាមនុស្សម្នាក់គត់ដែលចាប់ផ្តើមវា អ្នកជាមនុស្សម្នាក់គត់ដែលរើសយកដៃគូរអាជីវកម្មរបស់អ្នក អ្នកជាមនុស្សម្នាក់គត់ដែលរើសយកពេលវេលាមួយនេះដើម្បីចាប់ផ្តើមអាជីវកម្មមួយនេះ ដូចនេះមានន័យថា រាល់ជំហានអាជីវកម្មរបស់អ្នក គឺវាផ្តើមចេញពីការគិតរបស់អ្នក ដូចនេះអ្នកត្រូវទទួលខុសត្រូវទៅលើការសម្រេចចិត្តរបស់អ្នក អ្នកត្រូវធ្វើបែបណាដើម្បីសម្រេចវាបាន។

ដូចនេះអ្នកត្រូវរៀនអំពីការកែប្រែទម្លាប់របស់អ្នកឱ្យមាន ទំនួលខុសត្រូវខ្ពស់ ហើយអ្នកត្រូវគិតថាបញ្ហាត្រូវតែបញ្ចាប់ដោយអ្នក វាទៅជាយ៉ាងណា ក៏ត្រូវតែអ្នកជាអ្នកសម្រេច។

ប្រភព: Youtube