នៅពេលដែលអ្នកមិនពេញចិត្តនឹងនរណាម្នាក់ មនុស្សមួយចំនួនធំតែងកើតទម្លាប់មួយគឺ រិះគន់មនុស្សដែលអ្នកមិនពេញចិត្ត។ នៅពេលដែលអ្នករិះគន់នរណាម្នាក់ គឺមានមែនមានន័យថាអ្នកកំពុងប្រាប់នរណាម្នាក់អំពីអត្តចរិតរបស់មនុស្សម្នាក់ដែលអ្នកកំពុងតែមិនពេញចិត្ត ឬមិនចូលចិត្តតែមួយមុខទេ វាផ្ទុយទៅវិញវាជាកិរិយាមួយដែលកំពុងបង្ហាញអំពីអត្តចរិតរបស់ផងដែរ។ ពីព្រោះថាការរិះគន់គឺជាការនិយាយអាក្រក់ទៅកាន់នរណាម្នាក់ ការនិយាយអាក្រក់ទៅកាន់នរណាម្នាក់ វាស្មើរនឹងការគិតមិនល្អ ឬគិតអាក្រក់របស់អ្នក ហើយការនិយាយរិះគន់នរណាវាស្តែងឱ្យឃើញយ៉ាងច្បាស់អំពីអត្តចរិតអាក្រក់របស់អ្នក។

រូបតំណាង

នៅពេលអ្នករិះគន់អ្នកដទៃ ឬនរណាម្នាក់ មានន័យថាអ្នកកំពុងបង្តើតសត្រូវជាមួយអ្នកដទៃ ព្រោះអ្នកបានធ្វើឱ្យមនុស្សម្នាក់ខឹងមិនពេញចិត្ត។ អ្នកនិយាយអំពីចំណុចអាក្រក់គេ អ្នកនិយាយឱ្យនរណាម្នាក់ឈឺចាប់ អ្នកនិយាយអំពីចំណុចខ្សោយនរណាម្នាក់ វាគឺជាសកម្មភាពដែលបង្ហាញយ៉ាងច្បាស់ថាអ្នកកំពុងចងសត្រូវ ឬស្មើរនឹងអ្នកកំពុងតែទទួលបានសត្រូវម្នាក់ថ្មីទៀតហើយ។

ជាទូទៅការរិះគន់គឺជាការបង្តើតភាពស្មុគស្មាញដល់ខួរក្បាលរបស់អ្នក គឺអ្នកត្រូវតែអង្គុយគិត ដេកគិតដើម្បីស្វែងរកចំណុចខ្វះខាតរបស់នរណាម្នាក់។ ពេលខ្លះអ្នកព្យាយាមសង្កេតចាំយកចំណុចមិនល្អរបស់នរណាម្នាក់មកដាក់នៅក្នុងខួរក្បាលរបស់អ្នក ធ្វើបែបនេះវាមិនអាចជួយឱ្យអ្នកមានអារម្មណ៍ល្អនោះទេ វាបែរជាអាចធ្វើឱ្យអ្នកមានអារម្មណ៍ថាតឹងតែងចំពោះខ្លួនឯងទៅវិញទេ។

អ្នកដែលបានតែខាងរិះគន់គេ គឺជាមនុស្សដែលបានតែនិយាយមិនពូកែធ្វើ គ្មានសមត្ថ​ភាព​ គ្មានគំនិត គ្មានបញ្ញា។ ចំណែកអ្នកដែលមានសមត្ថភាព និងមានប្រាជ្ញាពិតប្រាកដគេមិនងាយ​រិះគន់​អ្នកដទៃទេ។ បើអ្នកដទៃធ្វើខុស គេនឹងកែលម្អដោយប្រើពាក្យសម្តីលើកទឹកចិត្ត។

អ្នកដែលពូកែរិះគន់គេបានត្រឹមតែគេស្អប់ ហើយអ្នកដែលតែងតែកែលម្អត្រូវបានគេគោរព។ អ្នកពូកែរិះគន់​ជាមនុស្សខ្សត់ញាតិ ខ្សត់មិត្តភក្តិ ខ្សត់អ្នករាប់អាន។ ហើយមនុស្សដែលប្រើពាក្យសម្តីពីរោះ​ពិសា​ក្នុងន័យកែលម្អតែងតែសម្បូរទៅដោយញាតិ មិត្តភក្តិ ស្រលាញ់រាប់អាន។​ អ្នករិះគន់សម្បូរមនុស្សស្អប់ អ្នកកែលម្អសម្បូរមនុស្សស្រលាញ់។