មនុស្សយើងតែងតែមានសុបន្តិដ៏អាក្រក់ជាច្រើន ដែលដក់ជាប់នឹងខួរក្បាលរបស់ពួកយើង។ ពេលខ្លះរឿងទាំងអស់នោះកំពុងធ្វើឱ្យពួកយើង ជាប់គាំងនឹងរឿងមិនសប្បាយចិត្តជាច្រើន។ ប៉ុន្តែទន្ទឹមនឹងរឿងមិនល្អទាំងអស់នោះមានមនុស្សមួយចំនួនទៀត គេរើសយកវិធីមិនឱបក្រសោបរឿងដែលមិនល្អទាំងអស់នោះ ពួកគេទម្លាក់រឿងដែលនាំឱ្យពួកគេមិនសប្បាយចិត្តចោល ហើយពួកគេថែមទាំងមិនខ្វាយខ្វល់ថែមទៀត។

ប្រកួតនឹងខ្លួនឯង ១
រូបតំណាង

បើសិនអ្នកសម្រេចចិត្តនៅឱបក្រសោបរឿងមិនសប្បាយចិត្ត រឿងពិបាកចិត្តទាំងអស់នោះ រឿងទាំងអស់នោះនឹងនៅជាមួយអ្នក ហើយវានឹងធ្វើឱ្យអ្នកលែងមានសេរីភាពក្នុងការសប្បាយបន្តិចម្តងៗរហូតដល់អ្នកគិតថាពិភពលោកនេះអយុត្តិធម៌ណាស់សម្រាប់អ្នក។

រឿងដែលមិនសប្បាយចិត្តដែលស្ថិតនៅក្នុងខួរក្បាលរបស់អ្នក រឿងដែលធ្វើឱ្យអ្នកអស់កម្លាំងចិត្តក្នុងការបន្តគោលដៅរបស់អ្នក រឿងដែលធ្វើឱ្យជីវិតអ្នកធ្លាក់ចុះ រឿងទាំងអស់នោះគឺអាស្រ័យទៅលើពាក្យថា “អ្នក”។ ជាទូទៅមនុស្សយើងមានទម្លាប់នៃការគិតធំៗ ២​ ទីមួយ គឺឱបក្រសោបទុក្ខព្រួយ និងទីពីរ គឺរីករាយនឹងបន្តដំណើរទៅមុខ។ ទម្លាប់នៃការគិតទីមួយ ពួកគេចូលចិត្តបន្ទោសពិភពលោក បន្ទោសព្រហ្មលិខិត បន្ទោសរឿងគ្រប់យ៉ាង ចំណែកទម្លាប់នៃការគិតទីពីរវិញ ពួកគេព្យាយាមស្វែងរកវិធីសាស្រ្តថ្មីៗ ដើម្បីអាចដោះស្រាយបញ្ហរបស់ពួកគេ វិធីសាស្រ្តក្នុងការធ្វើឱ្យពួកគេអាចអភិវឌ្ឍន៍អ្វីៗថ្មីៗថែមទៀត។

ប្រកួតនឹងខ្លួនឯង ២
រូបតំណាង

ខ្ញុំចង់អ្នកពិចារណានូវរឿងមួយ ដែលមនុស្សម្នាក់ៗតែងតែគិត និងចង់បាននោះ គឺពួកគេតែងតែចង់បានការធានារឿងគ្រប់យ៉ាងពីសំណាក់នរណាម្នាក់ តែពួកគេមិនដែលហ៊ានធានាលើខ្លួនគេ ដោយខ្លួនគេទេ មានន័យថាគេមិនហ៊ានធានាលើសមត្ថភាពរបស់គេខ្លួនឯងទេ គេមិនទុកចិត្តខ្លួនឯងទេ។ នេះវាជាបញ្ហាធំបំផុតសម្រាប់មនុស្សម្នាក់ៗ ដែលពួកគេតែងតែប្រើទម្លាប់បន្ទោសទៅលើរឿងដែលពួកគេបានជួប ឬកំពុងតែជួប។ ត្រឡប់មកវិញអ្នកដឹងទេ អ្នកគឺជាមនុស្សតែម្នាក់ដែលអាចពន្យល់ខ្លួនឯងបានល្អជាងនរណាៗទាំងអស់ ជាមនុស្សតែម្នាក់ដែលយល់ចិត្តខ្លួនឯងជាងនរណាៗទាំងអស់។ អ្នកដែលបានសម្លឹងមើលកញ្ចាក់ហើយសួរខ្លួនឯង ថាអ្នកដែលទុកចិត្ត មានភាពជឿជាក់លើខ្លួនឯងលើសពី ៥០ ភាគរយហើយឬនៅ? ហើយបញ្ហារបស់អ្នកជាអ្វី? អ្នកដែលដាក់ទោសខ្លួនឯង នៅពេលអ្នកកុហកខ្លួនឯងហើយឬនៅ?

សរុបមកអ្នកត្រូវតែសាកល្បងប្រកួតជាមួយខ្លួនអ្នក ហើយប្រាប់ខ្លួនឯងថាអ្នកជាមនុស្សអស្ចារ្យមិនអាចខ្លាចអ្វីគ្រប់យ៉ាងទាំងអស់។ អ្នកត្រូវនិយាយប្រាប់ទៅកាន់ខ្លួនអ្នកថា អ្នកមិនចាំបាច់ប្រកួតប្រជែងជាមួយអ្នកណានោះទេ អ្នកគួរតែប្រកួតជាមួយខ្លួនអ្នកជាមុនសិន។ អ្នកត្រូវតែប្រកួតប្រជែងជាមួយខ្លួនឯងជាមួយរឿងងាយៗសិន។ អ្នកគួរតែប្រកួតប្រជែងក្រោកពីដំណេកឱ្យបានលឿនជាងទម្លាប់ រៀបចំទម្លាប់ជាថ្មីឡើងវិញ រៀបចំវិន័យឡើងវិញ រៀបចំការងារឡើងវិញ នៅមានរឿងងាយៗផ្សេងទៀតដែលជាចំណុច ដែលនាំអ្នកទៅភាពខ្លាំងក្លាពិតប្រាកដរបស់អ្នក។ អ្នកពិតជាចង់បានជ័យជំនះលើខ្លួនអ្នក នេះជាវិធីសាស្រ្តប្រកួតឱ្យឈ្នះ ដោយមិនចាំបាច់មានគ្រូបង្វឹក​មកបង្រៀនអ្នក។