សម័យនេះមានយុវជនជាច្រើនចង់ជោគជ័យតាមរយៈការធ្វើខ្លួនសហគ្រិនវ័យក្មេង។ យើងត្រូវទទួលស្គាល់ថាមនុស្សទាំងអស់ មិនអាចក្លាយខ្លួនជាសហគ្រិនបាននោះទេ។ ម្យ៉ាងវិញទៀត បើទោះជាធ្វើការឱ្យគេក៏អាចជោគជ័យបានដែរ ឱ្យតែមានស្មារតីសហគ្រិនពិតប្រាកដ។ ខាងក្រោមនេះគឺជា គំនិតខ្លះៗដែលអ្នកគួរធ្វើក្នុងនាមជាបុគ្គលិកដែលមានស្មារតីសហគ្រិន។

រូបតំណាង

១) ធ្វើជាបុគ្គលិកដែលមានគំនិតផ្តួចផ្តើម និងទំនួលខុសត្រូវខ្ពស់

ស្ថាប័នឬក្រុមហ៊ុនមួយមានការរីកចម្រើន លុៈត្រាតែមានគំនិតថ្មីៗ និងអនុវត្តគំនិតទាំងនោះប្រកបដោយប្រសិទ្ធិភាព និងប្រសិទ្ធិផល (effective and efficient)។ ការចូលរួមផ្តល់នូវគំនិតផ្តួចផ្តើមដែលនាំឱ្យស្ថាប័នរីកចម្រើន នឹងទទួលបានការអោយតម្លៃពីសំណាក់និយោជក ហើយរឹតតែទទួលបានការឱ្យតម្លៃទៀតនោះ គឺការទទួលខុសត្រូវក្នុងការបំពេញការងាររបស់បុគ្គលិកម្នាក់ៗ។

២) ចាត់ទុកខ្លួនអ្នកជាផលិតផលដែលត្រូវអភិវឌ្ឍជាប់ជានិច្ច

បើទោះជាអ្នកចេញពីមហាវិទ្យាល័យមានសញ្ញាបត្រ័បរិញ្ញា២-៣ និងអនុបណ្ឌិតក៏មិនគ្រប់គ្រាន់ដែរ។ អ្នកត្រូវរៀននូវជំនាញខ្លីៗ និងសិក្សាស្រាវជ្រាវជាប់ជាប្រចាំដើម្បីអភិវឌ្ឍសមត្ថភាពឱ្យត្រូវនឹង សម័យកាល និងសេចក្តីត្រូវការរបស់និយោជក។ ពោលគឺត្រូវធ្វើខ្លួនជាទ្រព្យដ៏មានតម្លៃ ឬជាគ្រាប់ពេជ្រពិតប្រាកដសំរាប់និយោជក។

៣) ត្រូវចាត់ទុកមិត្តរួមការងារ និងបុគ្គលិកក្រោមបង្គាប់ជាអតិថិជនផងដែរ

មានបុគ្គលិកមួយចំនួនមិនមានភាពប៉ិនប្រសប់ ក្នុងការបំពេញការងារជាក្រុមនោះទេ ហើយតែងមិនសូវមានភាពចុះសំរុងនឹងមិត្តរួមការងារ មិនចេះផ្តល់ឱកាសឱ្យបុគ្គលិកក្រោមបង្គាប់ ហើយខំប្រឹងតែយកចិត្តមេ (អ្នកគ្រប់គ្រងរបស់ខ្លួនផ្ទាល់)។ នោះជាកំហុសឆ្គងធំមួយ។ តាមពិតនៅពេលវាយតម្លៃការងារប្រចាំឆ្នាំម្តងៗ អ្នកគ្រប់គ្រងដែលឆ្លាតវៃតែងសុំយោបល់ពីអ្នកក្រោមបង្គាប់ និងមិត្តរួមការងារដទៃទៀត។ ត្រង់នេះហើយដែលថាមិត្តរួមការងារ និងបុគ្គលិកក្រោមបង្គាប់ក៏ជាអតិថិជនរបស់អ្នកដែល។ ដូច្នេះហើយអ្នកត្រូវមានភាពប៉ិនប្រសប់អាចធ្វើការចុះសំរុងជាមួយមនុស្សគ្រប់ប្រភេទ។ ត្រូវទទួលស្គាល់ថាមនុស្សទាំងអស់មានចរិតមិនដូចគ្នាទេ។

៤) លក់ផលិតផលទៅឱ្យអតិថិជនដែលឱ្យតម្លៃលើសមត្ថភាពរបស់អ្នក និងហ៊ានចំណាយ

ប្រសិនបើធ្វើបានល្អដោយបំពេញនូវចំណុចទី១ ទី២ និងទី៣ខាងលើរួចហើយ ប៉ុន្តែនៅមិនទាន់ទទួលបានការទទួលស្គាល់ពីសមត្ថភាព និងឱ្យតម្លៃពីសំណាក់និយោជក (មិនទទួលបានការតំឡើងឋានៈ ឬប្រាក់ខែឱ្យសមនឹងសមត្ថភាព) អ្នកប្រហែលជាត្រូវពិចារណារិះរកវិធីលក់ផលិតផលរបស់អ្នកទៅឱ្យអតិថិជនថ្មីហើយ។ ពោលគឺត្រូវស្វែងរកការងារនៅស្ថាប័ន ឬក្រុមហ៊ុនថ្មីដែលឱ្យតម្លៃលើសមត្ថភាពរបស់អ្នក។ ពេលខ្លះ អ្នកមិនអាចបង្រៀនមាន់ឱ្យ តម្លៃលើគ្រាប់ពេជ្រនោះទេ មាន់ឱ្យតម្លៃតែលើគ្រាប់ស្រូវតែប៉ុណ្ណោះ។

៥) ប្រើប្រាស់ប្រាក់ខែដែលរកបានដោយភាពឆ្លាតវៃ

ត្រូវចាត់ទុកប្រាក់ខែដែលរកបានដោយលំបាកជាពីរ គឺគ្រាប់បាយ និងគ្រាប់ពូជ។ គ្រាប់បាយគឺចាយតែលើអ្វីដែលចាំបាច់សំរាប់ទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃ។ គ្រាប់ពូជគឺយកទៅវិនិយោគបង្កើតជាទ្រព្យបន្ត។ ដើម្បីឱ្យមានប្រសិទ្ធិភាពខ្ពស់ ជាង៦០%នៃប្រាក់ខែដែលអ្នករកបានគួរតែប្រើជាគ្រាប់ពូជ។ ធ្វើដូច្នេះ អ្នកនឹងមានជីវភាពធូរធាក្នុងរយៈពេលចន្លោះ ១០-១៥ ឆ្នាំ នៃជីវិតការងារជាបុគ្គលិកព្រោះទាំងរូបអ្នក និងប្រាក់ដែលអ្នករកបានសុទ្ធតែខំធ្វើការខ្លាំង។ ចូរចៀសវាងការខំធ្វើការខ្លាំងដើម្បីតែរកប្រាក់ ហើយប្រាក់មិនបានជួយធ្វើការបង្កើតប្រាក់បន្ត។

ប្រភព: លោកគ្រូ Ngeth Chou