ដូចដែលយើងបានដឹងហើយថា ដំណឹងនិយាយទាក់ទងទៅនឹង iPhone 13 (ឈ្មោះមិនទាន់ផ្លូវការ) ត្រូវបានលេចឡើងមកជាបណ្តើរៗហើយ បើទោះបីជា iPhone 12 Series បានដាក់លក់នៅលើទីផ្សារទើបតែបានរយៈពេលជាង 2 ខែក៏ដោយ។ ជាក់ស្តែង នៅក្នុងថ្ងៃនេះ ភ្នាក់ងារសារព័ត៌មាន ETNews របស់កូរ៉េខាងត្បូងបានរាយការណ៍មកថា iPhone 13 Series នឹងអាចគាំទ្រអេក្រង់ Refresh Rate 120Hz (ProMotion)។

តាមរយៈរបាយការណ៍ដដែលនេះ ក៏បានបង្ហាញឲ្យយើងបានដឹងផងដែរថា មានតែ iPhone 13 (6.1 អ៊ីញ) និង 13 Pro Max (6.7 អ៊ីញ) ប៉ុណ្ណោះ ដែលនឹងបំពាក់មកជាមួយអេក្រង់ Refresh Rate 120Hz។ ខណៈ iPhone 13 (6.1 អ៊ីញ) និង 13 mini (5.4 អ៊ីញ) នៅតែបំពាក់មកជាមួយអេក្រង់ Refresh Rate 60Hz ដដែល។ លើសពីនេះ វាក៏បានបញ្ជាក់ឲ្យយើងបានដឹងបន្ថែមទៀតថា iPhone 13 ម៉ូឌែល Pro ទាំង 2 នេះភ្ជាប់មកជាមួយបច្ចេកវិទ្យា LTPO ថែមទៀតផង។ ខណៈ iPhone 13 មូឌែលធម្មតាទាំង 2 នៅតែភ្ជាប់មកជាមួយបច្ចេកវិទ្យា LTPS ដដែល។ ក្រៅពីអេក្រង់ Refresh Rate 120Hz ហើយ iPhone 13 ម៉ូឌែល Pro ទាំង 2 ក៏ត្រូវបានគេបញ្ជាក់ថានឹងគាំទ្រមុខងារ Always-On-Display ផងដែរ។ បើផ្អែកទៅតាមព័ត៌មានដែលទទួលបាន បានបង្ហាញថា អេក្រង់របស់ iPhone 13 mini និង 13 Pro Max នឹងត្រូវផ្គត់ផ្គង់ដោយ Samsung ខណៈអេក្រង់របស់ iPhone 13 និង 13 Pro នឹងត្រូវផ្គត់ផ្គង់ដោយ LG។

LTPO (Low-Temperature Polycrystalline Oxid) គឺជាបច្ចេកវិទ្យាមួយដែលអនុញ្ញាតឲ្យអេក្រង់អាចផ្លាស់ប្តូរកម្រិត Refresh Rate ទៅតាមកម្មវិធីដែលយើងកំពុងប្រើប្រាស់ដោយស្វ័យប្រវត្តិ ហើយវាមានសមត្ថភាពធ្វើឲ្យកម្រិត Refresh Rate របស់អេក្រង់ធ្លាក់ចុះរហូតដល់ទៅ 1Hz ឯណោះ។ បើនិយាយឲ្យងាយស្រួលយល់ មានន័យនៅពេលដែលយើងកំពុងប្រើប្រាស់កម្មវីធី ឬហ្គេមដែលត្រូវការកម្រិត Refresh Rate ខ្ពស់ នោះបច្ចេកវិទ្យា LTPO នឹងបញ្ជាឲ្យអេក្រង់រត់ក្នុងកម្រិត Refresh Rate ខ្ពស់បំផុត ទៅតាមអ្វីដែលវាអាចធ្វើបាន។ ប៉ុន្តែបើសិនជាទូរសព្ទរបស់យើងកំពុងតែដំណើរការមុខងារ Always-On Display នោះបច្ចេកវិទ្យា LTPO នឹងបញ្ជាឲ្យអេក្រង់រត់ក្នុងកម្រិត Refresh Rate ទាបបំផុត (1Hz) ដើម្បីជួយសន្សំសំចៃថាមពលថ្ម ក៏ដូចជាអាចឲ្យទូរសព្ទរបស់យើងអាចប្រើបានយូរជាងមុនផងដែរ។