នៅពេលនិយាយពីឈ្មោះមហាសេដ្ឋីអស្ចារ្យជាងគេបំផុតក្នុងលោកមាននរណាខ្លះ គឺគេមិនត្រូវមើលរំលងលោក Elon Musk នោះឡើយ។ ក្នុងនាមជាអ្នកជំនួញដ៏ល្បីល្បាញមួយរូប មហាសេដ្ឋីមានប្រាក់ ២៣,៥ ពាន់លានដុល្លាររូបនេះ កំពុងកសាងអាណាចក្រមុខជំនួញស្ទើរតែរាប់មិនអស់ទៅហើយតាំងពីលោកនៅក្មេងរហូតដល់វ័យ ៤៨ ឆ្នាំនេះ។ នៅក្នុងរជ្ជកាលដឹកនាំនៅតាមក្រុមហ៊ុនជាច្រើនទាំងនោះ លោកបានបន្សល់ទុកនូវស្នាដៃសំខាន់ៗខាងក្រោមនេះ៖ 

១) លោក Elon Musk ចេះអានព័ត៌មានទាំងអស់ដែលមាននៅគេហទំព័រចំណេះដឹង Encyclopædia តាំងពីអាយុ ៩ឆ្នាំមកម្ល៉េះ។ គេបានចាត់ទុកមហាសេដ្ឋីម្នាក់នេះថា ជាមនុស្សងប់ងល់នឹងការអានសៀវភៅម្នាក់នៅពេលបច្ចុប្បន្ន ជាពិសេសសៀវភៅបៀបវិទ្យាសាស្រ្តតែម្តង។

២) លោកចាប់អារម្មណ៍ខ្លាំងនឹងបច្ចេកវិទ្យាតាំងពីអាយុ ១០ឆ្នាំមកម្ល៉េះ ហេតុដូច្នេះហើយទើបលោកប្តេជ្ញាចិត្តខ្លាំង បង្រៀនខ្លួនឯងឲ្យចេះមេរៀនគ្រឹះពីវគ្គសិក្សា ៦ខែមួយដោយប្រើពេលត្រឹមតែ ៣ថ្ងៃប៉ុណ្ណោះ។  នៅអាយុ ១២ ឆ្នាំលោកផលិតវីដេអូហ្គេមមួយដោយខ្លួនឯង និងលក់វានៅក្នុងតម្លៃ ៥០០ ដុល្លារ។

៣) លោក Elon Musk រៀនបណ្តើរ និងទទួលបានការងារសាកល្បងមួយនៅធនាគារ Bank of Nova Scotia ជាទីកន្លែងដំបូងដែលបានជួយជ្រោមជ្រែង និងផ្តល់ចំណេះដឹងយ៉ាងច្រើនដើម្បីអាចឲ្យលោកហ៊ានបង្កើតក្រុមហ៊ុនអាជីវកម្មហិរញ្ញវត្ថុតាមអនឡាញ (Online Finance Business) ផ្ទាល់ខ្លួន Cold-Call៕

៤) បន្ទាប់ពីចំណាយពេល ២ ឆ្នាំនៅឯសាកលវិទ្យាល័យ Queen’s University នៅ Kingston ប្រទេសកាណាដា Musk បានផ្ទេរទៅរៀនសាកលវិទ្យាល័យ Pennsylvania ដោយទទួលបានអាហារូបករណ៍ពេញ។ នៅទីនោះលោក បានរៀនមុខជំនាញផ្នែកធុរកិច្ច និងរូបវិទ្យាក្នុងពេលដំណើរគ្នា និងបានបញ្ចប់ការសិក្សានៅសាលា Wharton ដ៏ល្បីល្បាញ។

៥) Elon Musk បានលក់ក្រុមហ៊ុនដំបូងរបស់លោក Zip2 ក្នុងឆ្នាំ ១៩៩៩ ជាមួយបងប្រុសក្នុងតម្លៃដ៏គួរឲ្យភ្ញាក់ផ្អើលមួយគឺ ៣០៧ លានដុល្លារក្នុងអាយុត្រឹមតែ ២៧ ឆ្នាំតែប៉ុណ្ណោះ។

៦) លោកជាស្ថាបនិករួមដែលបានបង្កើតក្រុមហ៊ុន PayPal ក្នុងឆ្នាំ ១៩៩៨ ដែលជាការច្របាច់បញ្ចូលគ្នារវាងក្រុមហ៊ុន X.com និងគូរប្រជែងក្រុមហ៊ុន Confinity ។ ២ឆ្នាំក្រោយមកក្រុមហ៊ុននេះលក់ទៅឲ្យក្រុមហ៊ុន eBay ក្នុងតម្លៃកំណត់ត្រា ១,៥ ពាន់លានដុល្លារ ហើយ Elon Musk ទទួលបាន ១៨០ លានដុល្លារ។ 

៧) លោកជាស្ថាបនិកបង្កើតក្រុមហ៊ុន SpaceX ក្នុងឆ្នាំ ២០០២ ដែលផ្តោតលើការស្រាវជ្រាវផ្នែកអវកាស។ ដោយសហការជាមួយអង្គការ NASA នៅពេលបច្ចុប្បន្ននេះក្រុមហ៊ុនខាងលើកំពុងជោគជ័យខ្លាំងជាបន្តបន្ទាប់លើបេសកកម្មមួយនេះ។

៨) ក្នុងឆ្នាំ ២០០២ លោកបានបង្កើតមូលនិធី Musk Foundation ដើម្បីជួយគាំទ្រលើកស្ទួយដល់គម្រោងចំនួន ៤ គឺ ការស្រាវជ្រាវ និងការតស៊ូមតិក្នុងវិស័យថាមពលកើតឡើងវិញ ការស្រាវជ្រាវ និងការរុករកទីអវកាសរបស់មនុស្សជាតិ ការស្រាវជ្រាវស្រាវជ្រាវរបស់កុមារ និង វិទ្យាសាស្ត្រ និងវិស្វកម្ម។

៩) ក្នុងនាមជាវិនិយោគិនឈានមុខគេមួយ លោកត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Tesla លើកដំបូងក្នុងឆ្នាំ ២០០៤ មុនក្លាយជានាយកប្រតិបត្តិក្រុមហ៊ុននេះនៅក្នុងឆ្នាំ ២០០៧។ ចក្ខុវិស័យរបស់លោកគឺចង់បង្កើតរថយន្តអគ្គិសនី និងអភិវឌ្ឍបច្ចេកវិទ្យារថយន្តប្រកបដោយនិរន្តរភាពសម្រាប់ពេលអនាគត។

១០) លោកត្រូវបានចាត់ទុកថា ជាអ្នកបដិវត្តឧស្សាហកម្មរថយន្តអគ្គិសនីដំបូងគេបំផុតជាពិសេសសមិទ្ធផលដំបូងនៃរថយន្តអគ្គីសនី Roadster ក្នុងឆ្នាំ ២០០៨។ បច្ចុប្បន្នក្រុមហ៊ុន Tesla កំពុងទទួលបានជោគជ័យក្នុងនាមជាក្រុមហ៊ុនលក់រថយន្តលំដាប់កំពូលមួយនៅលើពិភពលោក។

១១) Elon Musk បានបង្កើតកិច្ចព្រមព្រៀងក្នុងទំហំទឹកប្រាក់ ១,៦ ពាន់លានដុល្លារជាមួយអង្គការ NASA ដើម្បីទទួលខុសត្រូវលើការស្រាវជ្រាវកម្មវិធីអវកាសដែលកំពុងទទួលបានជោគជ័យជាបន្តបន្ទាប់។

១២) លោកជាអ្នកបើកទំព័រដំបូងដែលបានបង្ហាញម៉ូដែលរថយន្ត Tesla’s Model S នៅក្នុងឆ្នាំ ២០០៩។ ចាប់តាំងពីពេលនោះមក រថយន្តដ៏ប្រណិតមួយនេះទទួលបានការគាំទ្រពីអ្នកប្រើប្រាស់ក្នុងពិន្ទុ ៩៩ លើ១០០ ក្នុងឆ្នាំ ២០១៣ និងជាប់ឈ្មោះជារថយន្តមានសុវត្ថិភាពខ្ពស់បំផុត។

១៣) លោកបានធ្វើឲ្យក្រុមហ៊ុន SpaceX ក្លាយជាក្រុមហ៊ុនឯកជនទី១ ក្នុងលោកក្រៅពីអង្គការអវកាស NASA ដែលបានបាញ់បញ្ជួន រ៉ុកកែត Falcon 9 ទៅកាន់ស្ថានីយ៍អវកាសជាលើកដំបូងក្នុងឆ្នាំ ២០១២។

១៤) ក្នុងឆ្នាំ ២០១២ នេះ ដែរលោកក៏បានសន្យាថា នឹងផ្តល់ប្រាក់ និងបរិច្ចាគទ្រព្យសម្បត្តិមួយចំនួនរបស់លោកជាមួយមហាសេដ្ឋីល្បីៗជាច្រើនទៀតដូចជាលោក Bill Gates និងលោក Mark Zuckerberg ជាដើមដើម្បីបុព្វហេតុមនុស្សធម៌នៅជុំវិញពិភពលោក។

១៥) លោកជាអ្នកផ្តួចផ្តើមក្នុងការធ្វើឲ្យរ៉ុកកែតដែលបានបាញ់បញ្ជូនទៅអវកាសអាចត្រូវបានប្រើប្រាស់ឡើងវិញបាន។ ក្នុងឆ្នាំ ២០១៥ ក្រុមហ៊ុន SpaceX ទទួលបានជោគជ័យជាលើកដំបូងក្នុងការធ្វើឲ្យសំបករ៉ុកកែតយាន្តអវកាសអាចវិលត្រឡប់ចុះចតនៅផែនដីវិញបានក្រោយបាញ់បង្ហោះទៅទីអវកាស។ 

១៦) ក្រៅពីសមិទ្ធផលដ៏អស្ចារ្យខាងលើនេះ Elon Musk ផ្តួចផ្តើមគំនិតដោយបានបង្ហាញនូវគម្រោងសាងសង់ផ្លូវល្បឿនលឿន  Hyperloop ក្នុងឆ្នាំ ២០១៣។ គោលបំណងសំខាន់នៃគំនិតផ្តួចផ្តើមរបស់លោក គឺធ្វើយ៉ាងណាឲ្យគម្រោងនេះជោគជ័យអាចដឹកជញ្ជូនអ្នកដំណើរពីទីក្រុងមួយទៅទីក្រុមួយបានដោយប្រើពេលខ្លីបំផុត និងប្រើប្រាស់ថាមពលកកើតឡើងវិញ។ 

១៧) លោកបានបង្កើតក្រុមហ៊ុន OpenAI នៅចុងឆ្នាំ ២០១៥ ដែលផ្តោតលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)ដើម្បីផ្តល់ផលប្រយោជន៍ដល់មនុស្សជាតិ និងដើម្បីអភិវឌ្ឍបច្ចេកវិទ្យា AI ដែលមានសមត្ថភាពខ្លាំងជាងមនុស្ស។ ក៏ប៉ុន្តែ នៅពេលក្រុមហ៊ុន Tesla មានចក្ខុវិស័យដូចគ្នានេះដែរទើបលោកត្រូវបានទម្លាក់តំណែងជាប្រធានក្រុមហ៊ុននេះនៅក្នុងឆ្នាំ ២០១៨ ដើម្បីចៀសវាងទំនាស់ផលប្រយោជន៍ក្នុងក្រុមហ៊ុន។

១៨) លោកផ្តួចផ្តើមក្នុងការជំរុញឲ្យមានការអភិវឌ្ឍលើវិស័យថាមពលព្រះអាទិត្យ ហេតុដូច្នេះហើយ ទើបលោក បានវិនិយោគទឹកប្រាក់លើកដំបូងចំនួន ១០ លានដុល្លារទៅក្រុមហ៊ុន SolarCity កាលពីឆ្នាំ ២០០៦។ មិនយូរប៉ុន្មាន SolarCity បានក្លាយជាក្រុមហ៊ុនដំឡើងបន្ទះសូឡាធំជាងគេបំផុតនៅអាមេរិក។ បន្ទាប់ពីបានសហការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុន Tesla ក្រុមហ៊ុននេះបានទិញក្រុមហ៊ុន SolarCity ផ្តាច់តែម្តង ហើយវាក៏បានក្លាយជាក្រុមហ៊ុនបុត្រសម្ព័ន្ធចាប់ពីឆ្នាំ ២០១៦មក ។

១៩) លោកជាស្ថាបនិករបស់ក្រុមហ៊ុន Boring Company ដែលមានគោលបំណងចម្បង គឺបំពាក់បច្ចេកវិទ្យាអគ្គីសនីប្រកបដោយតម្លៃសមរម្យទៅនឹងប្រព័ន្ធដឹកជញ្ជូនសាធារណៈដើម្បីធ្វើឲ្យប្រព័ន្ធឆ្លងកាត់ប្រព្រឹត្តទៅយ៉ាងឆាប់រហ័សឆ្លងកាត់ទីក្រុងនានា។

២០) ដើម្បីស្វែងរកបច្ចេកវិទ្យាប្រកបដោយចីរភាព Musk បានបោះមួយជំហានទៀតជាមួយក្រុមហ៊ុន Tesla ដើម្បីបង្កើតបច្ចេកវិទ្យាផ្ទុកថាមពលថ្មីហៅថា ជញ្ជាំងថាមពល ឬ Powerwall ។ ដោយបានហក់ចូលទីផ្សារក្នុងឆ្នាំ ២០១៥ បច្ចេកវិទ្យានេះប្រៀបដូចជាឆ្នាំងសាកថ្មដ៏ធំមួយដែលស្រូបទាញថាមពលពន្លឺព្រះអាទិត្យមកស្តុកទុកដើម្បីផ្គត់ផ្គង់ដល់ការប្រើប្រាស់ថាមពលក្នុងគេហដ្ឋាននានាក្នុងតម្លៃសមរម្យ និងមាននិរន្តរភាពជាងមុន។

២១) ការរុករកក្នុងកម្មវិធីអវកាស ការដឹកជញ្ជូនផ្លូវរូងក្រោមដី និងរថយន្តអគ្គិសនី មិនគ្រប់គ្រាន់ទេសម្រាប់លោក Musk។ ហេតុដូច្នេះហើយទើបលោកបានចាប់ផ្តើមបង្កើតក្រុមហ៊ុនថ្មីរួមគ្នាមួយមានឈ្មោះថា Neuralink ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាខាងសរសៃប្រសាទ ពោលគឺជាបច្ចេកវិទ្យាដែលអាចបញ្ចូលបញ្ញាសិប្បនិម្មិត (AI) ចូលទៅក្នុងខួរក្បាលមនុស្សបាន។

២២) នៅខែកញ្ញាឆ្នាំ ២០១៧ លោក Musk បានបង្ហាញគំរូម៉ូដែលថ្មីមួយសម្រាប់គម្រោងផលិតយានអវកាស Big Falcon Rocket (ទើបប្តូរឈ្មោះទៅជា Starship) ដែលមានសមត្ថភាពអាចដឹកអ្នកដំណើរបានជាង ១០០ នាក់។ គម្រោងនេះគឺជាមុខជំនួញថ្មីដ៏មានសក្តានុពលសម្រាប់នាំមនុស្សទៅធ្វើអាណានិគមលើភពព្រះអង្គារក្នុងឆ្នាំ ២០៣០ ខាងមុខ។

២៣) លោកត្រូវបានជាប់ឈ្មោះថា ជាបុគ្គលដ៏មានឥទ្ធិពលបំផុតទី ២៥ នៅលើពិភពលោក នេះបើយោងតាមចំណាត់ថ្នាក់ដែលធ្វើឡើងដោយទស្សនាវដ្តី Forbes សម្រាប់ឆ្នាំ ២០១៨ កន្លងទៅ៕

ប្រភព៖ bizkhmer